អ្នកវិទ្យាសាស្រ្តបង្កាត់ពូជដង្កូវជោគជ័យលើដីមានល័ក្ខខ័ណ្ឌស្រដៀងលើភពអង្គារ
អ្នកវិទ្យាសាស្ត្រមួយក្រុមនិយាយថា ពួកគេបានបង្កាត់ពូជដង្កូវដោយជោគជ័យក្នុងប្រភេទដីមានល័ក្ខខ័ណ្ឌស្រដៀងទៅនឹងដីលើភពអង្គារ (Mars) ដែលការពិសោធនេះជាជំហានឈានទៅរកការបង្កើតប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាពនិងអាចឱ្យមនុស្សប្រើវាដើម្បីដាំដំណាំចិញ្ចឹមជីវិតបាន ។
ការពិសោធដឹកនាំដោយជីវវិទូលោក Wieger Wamelink នៅឯសកលវិទ្យាល័យ Wageningen University & Research បានកំណត់មើលថាមនុស្សអាចចិញ្ចឹមជីវិតខ្លួនឯងបានដោយដាំដុះលើភពអង្គារ ។ Wieger Wamelink និយាយថា ដង្កូវដែលកែច្នៃឡើងវិញជាសារធាតុចិញ្ចឹមដូចជា ផូស្វ័រ និងនីដ្រូហ្សែនអាចផ្តល់ជីជាតិដល់ដីបង្កភាពងាយស្រួលក្នុងការដាំដំណាំ។ លោកបន្តថា ប្រព័ន្ធកសិកម្មលើភពអង្គារនឹងមានស្វ័យភាពគ្រប់គ្រាន់។
ដង្កូវដើរតួនាទីដ៏សំខាន់ធ្វើឱ្យដីមានជីជាតិមិនត្រឹមតែដីលើផែនដីនោះទេប៉ុន្តែក៏សំខាន់លើដីភពអង្គារ ឬព្រះចន្ទ ។ វាគឺជាព៏ត៌មានល្អសម្រាប់មនុស្សជាតិដែលចង់ទៅគ្រប់គ្រងភពអង្គារខណៈនាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk ធ្លាប់បង្ហាញពីគម្រោងបេសកកម្មបញ្ជូនយានដឹកទំនិញគ្មានមនុស្សបើកទៅកាន់ភពអង្គារនៅឆ្នាំ ២០២២ ហើយបញ្ជូនមនុស្សទៅរ់ស់នៅក្នុងឆ្នាំ ២០២៤ ។
យ៉ាងណាក៏ដោយ Wamelink បានព្រមានថា មានឧបសគ្គចម្បងមួយក្នុងការពិសោធពោលគឺដីដែលយកមកពិសោធនោះមិនដូចគ្នាទៅនឹងដីលើភពអង្គារទេដោយខ្វះសារធាតុគីមីពុលម្យ៉ាង perchlorate ដែលមានលើភពអង្គារ ៕
ប្រភព៖ Sabay




No comments: